បង្អួចនៃអគារប៊ូលឌីងស (២០១៤) By អូរ៉ាវ៉ាន់ អារុណរ៉ាក់
កម្រងគំនូរចំនួន ២០ សន្លឹក ប្រើប៊ិចគូរលើក្រដាស ទំហំ ៥.៤x៩ សង់ទីម៉ែត្រ
មុននឹងខ្ញុំគូរបង្អួចនៃអគារប៊ូលឌីងសនេះ ដំបូងខ្ញុំព្យាយាមគូររូបខ្លួនឯង រួចបិទវានៅតាមជញ្ជាំង ដោយមានព័ត៌មានមួយចំនួន អំពីអ្វីដែលខ្ញុំចង់ធ្វើនៅក្នុងអគារនេះ។ ខ្ញុំបានសរសេរបញ្ចូលព័ត៌មាន អំពីខ្លួនខ្ញុំ លេខទូរស័ព្ទ និងពន្យល់ថាខ្ញុំចង់ទៅផ្ទះរបស់អ្នកជិតខាងដើម្បីគូរក្នុងផ្ទះរបស់គាត់ និងស្វែងយល់អំពីជីវភាពរបស់គាត់។ ប៉ុន្តែ គ្មាននរណាម្នាក់បានទូរស័ព្ទមកខ្ញុំសោះ។ បន្ទាប់មក ខ្ញុំក៏បានចេញមកគូរនៅតាមផ្លូវ ខាងក្រៅអគារប៊ូលឌីងស និងបានគូររូបបង្អួចរបស់អគារ។ បន្ទាប់មក ប្រជាជនជាច្រើនក៏បានមកមើលអ្វីដែលខ្ញុំកំពុងគូរ។ ពេលនោះ ពួកគេបានមកនិយាយលេងជាមួយខ្ញុំ និងចាប់ផ្ដើមសួរសំណួរមកខ្ញុំ។ កាយវិការទាំងនេះ ធ្វើឱ្យខ្ញុំនិងពួកគាត់បានចាប់ផ្ដើមមានទំនាក់ទំនងគ្នា និងមានអារម្មណ៍កាន់តែសិ្នទ្ធស្នាលក្នុងការប្រាស្រ័យទាក់ទងគ្នា។ បន្ទាប់មក ខ្ញុំបានសុំពួកគាត់ ឲ្យនាំខ្ញុំទៅលេងផ្ទះរបស់គាត់។ នេះគឺជាការសន្ទនាមួយនៅតាមដងផ្លូវ ប៉ុន្តែភាសាទំនាក់ទំនងរបស់ខ្ញុំគឺគំនូរ ហើយវាគឺជាអ្វីដែលពួកគាត់រីករាយចង់ឃើញនិងចង់ដឹង។ ដូច្នេះការងាររបស់ខ្ញុំ មិនត្រឹមតែគូររូបបង្អួចនោះទេ ប៉ុន្តែវាក៏បង្ហាញអំពីការបើកចិត្តគំនិតរបស់អ្នកជិតខាងទាំងនោះផងដែរ។