អំពី

អំពីអគារបូឌីង

នៅក្រោមការដឹកនាំនិងទស្សនៈវិស័យរបស់ សម្តេច សីហនុ ដែលជាប្រមុខរដ្ឋក្នុង សម័យសង្គមរាស្រ្តនិយម 

រាជធានីភ្នំពេញបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស នៅក្នុងរវាង ចុងទសវត្សរ៍ ៥០ ដល់ទសវត្សរ៍ ៦០ ដោយមាន

ការសាងសង់ហេត្ថារចនាសម្ព័ន្ធ វិមាន និង អគារថ្មីៗច្រើនឥតគណនា។ ទន្ទឹមនឹងនោះដែរ នៅរវាងពីឆ្នាំ ១៩៥៣ 

ដល់ ១៩៧០ ប្រជាជន នៅក្នុងភ្នំពេញបានកើនឡើងត្រីដង ពី ៣៧០ ០០០ នាក់ ដល់ ១ លាននាក់។  [១] ការ

កើនឡើងដ៏គំហុកនៃប្រជាជនក្នុងក្រុងនេះ បាននាំអោយមានតម្រូវការជាបន្ទាន់នូវដំណោះស្រាយ ផ្ទះស្នាក់នៅ។ 

នៅក្នុងព្រះរាជលិខិតទៅកាន់អភិបាលក្រុង ទេព ផន នៅឆ្នាំ ១៩៦១ សម្តេច សីហនុ បានមានព្រះរាជបន្ទូលថា៖


ជាចុងក្រោយ រាជធានីរបស់យើងត្រូវតែដោះស្រាយជាមួយនឹងបញ្ហាកំណើនប្រជាជននៅក្នុងក្រុង។ យើង

ត្រូវចាប់ផ្តើមកសាងអគារបែបបន្ទប់ច្រើនជាន់ដែលមានតម្លៃថោក សម្រាប់ជួលរឺលក់ដល់គ្រួសារដែលមាន

ចំណូលទាបទៅមធ្យម។ ការកសាងនេះ ជាចាំបាច់ទាមទារពេលវេលា និងត្រូវការផែនការនិងវិនិយោគទុនមាន

ប្រសិទ្ធិភាព។ [២]


នៅក្នុងចំណោមការឆ្លើយតបទៅនឹងព្រះរាជប្រកាសនេះគឺ គម្រោងអគារបូឌីង (ឈ្មោះដើម អគារស្នាក់នៅ

សាលាក្រុង) ដែលជាផ្នែកមួយនៃគម្រោងដ៏ធំសម្បើមគឺ មជ្ឈមណ្ឌលវប្បធម៌ មាត់ទន្លេបាសាក់ ដែលបានសាង

សង់នៅលើដីចាក់បំពេញវាលលិចទឹក តាមបណ្តោយទន្លេ បាសាក់។ អគារនេះ ត្រូវបានរចនាដោយស្ថាបត្យករខ្មែរ

លោក លូ បានហាប់ ជាមួយនឹង ស្ថាបត្យករុស្ស៊ី លោក ឡាឌីម៊ា បូឌៀនស្គី (Vladimir Bodiansky) ហើយត្រូវ

បានសម្ពោធអោយប្រើប្រាស់នៅឆ្នាំ ១៩៦៣។  អគារបូឌីង ពេលនោះមានចំនួន ៤៦៨ បន្ទប់ និងជាការសាកល្បង

មួយក្នុងការផ្តល់ជូនដល់ប្រជាជនមានចំណូលទាបទៅមធ្យម នូវការរស់នៅក្នុងអគារ បន្ទប់ច្រើនជាន់បែបទំនើបនៅ

ក្នុងទីក្រុង។  [៣]


អគារស្នាក់នៅសាលាក្រុង រឺ អគារបូឌីង  ប្រហែលនៅឆ្នាំ ១៩៦៣ ។  រូបថតពីបណ្ណសារដ្ឋានជាតិកម្ពុជា និង សមុច្ច័យ Charles Mayer ។


មជ្ឈមណ្ឌលមាត់ទន្លេបាសាក់ ជាគម្រោងមួយនៅក្រោមការគ្រប់គ្រងរបស់ លោក វណ្ណ មូលីវណ្ណ ដែលជា

ស្ថាបត្យករខ្មែរដំបូងគេដែលបានទទួលការសិក្សាទំនើបទីប្រទេសបារាំង។ លោក មូលីវណ្ណ ត្រូវបានចាត់តាំងជា

ប្រធានកិច្ចការសាធារណៈ ភ្លាមបន្ទាប់ពីគាត់បានត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៦ ហើយបានគ្រប់គ្រង

ពិនិត្យមើលគម្រោងស្ថាបត្យកម្មក្រុងជាច្រើន។  [៤] ការយល់ដឹងផ្នែកស្ថាបត្យកម្មទំនើបរបស់ លោក មូលីវណ្ណ 

មួយភាគ បានទទួលពីស្ថាបត្យករទំនើប ឡឺ កូរប៊ូស្ស៊េ (Le Corbusier) ដែលជាគ្រូរបស់គាត់។ មជ្ឈមណ្ឌល

វប្បធម៌មាត់ទន្លេបាសាក់ គឺជាគម្រោងសាកល្បងដ៏ធំមួយរបស់ លោក មូលីវណ្ណ ក្នុងការប្រើប្រាស់គំនិតទំនើប

នៅក្នុងសំណង់សាធារណៈ ហើយក៏ជាគម្រោងមួយដែលទទួលគំនិតពីគម្រោង ទីក្រុងត្រចះត្រចង់ (Ville 

Radieuse) របស់លោក កូរប៊ូស្ស៊េ [៥] ដោយ លោក មូលីវណ្ណ យកលំនាំតាមអគារមានបន្ទប់បន្តុបពីលើគ្នា 

ហើយហ៊ុំព័ទ្ធទៅដោយសួនច្បារ ទីសាធារណៈ និងចំណតយានយន្ត។


ក្នុងចំណោមអគារដែលសាងសង់រួចមាន អគារបូឌីង បន្ទប់ស្នាក់នៅអូឡាំពិក បន្ទប់ស្នាក់នៅរបស់បុគ្គលិក

ធនាគារជាតិ សាលពិព័រណ៍ និងមហោស្រពជាតិ។ អគារមួយចំនួនទៀតដែលត្រូវបានគ្រោង តែមិនបានសាងសង់

មាន សារៈមន្ទីរព្រះរាជបូជនិយកិច្ចដើម្បីឯករាជ្យ សាលាសិល្បៈ តន្រ្តី និងនាដកម្មបូរាណ សាលាកិច្ចការសាធារណៈ

ការិយាល័យទេសចរណ៍ វិចិត្រសាល និងសណ្ឋាគារអន្តរជាតិ។  [៦]


បន្ទាប់ពីសម័យខ្មែក្រហមឆ្នាំ ១៩៧៥-៧៩ ដែលបានជំលៀសប្រជាជនចេញពីទីក្រុង នោះមក អ្នកស្នាក់នៅបូឌីង

ពីមុន រួមទាំងសិល្បករដែលនៅរស់រាន បានមកប្រមូលផ្តុំគ្នារស់នៅក្នុងអគារនេះវិញ ហើយអគារបូឌីងក៏បានរីកធំធាត់

ម្តងទៀតក្នុងនាមជាសហគមន៍សិល្បករ។ មនុស្សជាច្រើននៅទីក្រុងភ្នំពេញ តែងមានទស្សនៈអវិជ្ជមានចំពោះ

សហគមន៍បូឌីង ដោយចាត់ទុកតំបន់នេះថាជាតំបន់មិនប្រក្រតី ពោរពេញទៅដោយភាពក្រីក្រ គ្រឿងញៀន

ការរកស៊ីផ្លូវភេទ ចារកម្ម សំណង់គ្មានសុវត្ថិភាព និងកង្វះអនាម័យជាដើម។ ប៉ុន្តែ អគារបូឌីងបច្ចុប្បន្ននេះ គឺជា

សហគមន៍ដ៏សម្បូរបែបមួយនៅក្នុងទីក្រុង ដោយមានប្រជាជនប្រមាណជាង ២ ៥០០ នាក់រស់នៅរួមមាន អ្នករបាំ

បូរាណ គ្រូតន្រ្តី អ្នកជំនាញឆ្លាក់ឈើ បុគ្គលិកផ្នែកវប្បធម៌ បុគ្គលិករដ្ឋាភិបាល និងអ្នកលក់ដូរតាមដងផ្លូវជាច្រើននាក់។


អគារបូឌីង ឆ្នាំ ២០១៤ ។ រូបថតពី សុខ ចាន់រា៉ដូ ។ 


អំពីបណ្ណសារបូឌីង


ក្នុងអំឡុងពេល ២ ទសវត្សរ៍ចុងក្រោយនេះ អគារចាស់ៗក្នុងទីក្រុងភ្នំពេញជាច្រើន ត្រូវបានផ្លាស់ប្តូរ រឺក៏កំទេចចោល

នៅក្នុងដំណើរការអភិវឌ្ឍន៍ក្រុង។ ប៉ុន្តែ អគារបូឌីង គឺជាអគារមួយក្នុងចំណោមអគារចាស់ៗមួយចំនួន ដែលនៅប្រឹង

ពុះពារឈរក្នុងបរិយាកាសផ្លាស់ប្តូរនេះ។ ដោយទទួលស្គាល់អំពីប្រវត្តិដ៏សំខាន់ និងអនាគតមិនស្ថិតស្ថេររបស់

សហគមន៍នេះ  គម្រោងសិល្បៈស-ស បានសហការជាមួយ Big Stories Co. ដើម្បីបង្កើតនូវបណ្ណសារ

អេឡិចត្រូនិក និងប្រព័ន្ធព័ត៌មានមួយ ដែលប្រមែប្រមូលប្រវត្តិបច្ចុប្បន្នរបស់សហគមន៍នេះ។


បណ្ណសារបូឌីង ប្រមូលនូវស្នាដៃរូបភាព វីដេអូ និងសំលេង ដែលបង្កើតឡើងដោយ សិស្សសិល្បៈ និងប្រជាជន

នៅក្នុងបូឌីង។ បណ្ណសារនេះ ក៏ប្រមូលផ្ទុកផងដែរនូវស្នាដៃជ្រើសរើសមួយចំនួន ដែលបានពីគម្រោងសហការគ្នា

ជាមួយសិល្បករខ្មែរ និងសិល្បករបរទេស ដែលមកស្នាក់នៅរយៈពេលខ្លី។ បណ្ណសារនេះ ឆ្លុះបញ្ចាំងពីបទពិសោធន៍

បច្ចុប្បន្នរបស់សហគមន៍ដ៏សម្បូរបែបនៃសិល្បករ តន្រ្តីករ សកម្មជនសហគមន៍ និងអ្នកលក់ដូរតាមដងផ្លូវដែល

តែងតែរស់នៅទីនេះ។


បន្ថែមពីលើបណ្ណសារអេឡិចត្រូនិកនេះ ក៏មានបន្ទប់បណ្ណសារនិងបណ្ណាល័យ ដែលមានទីតាំងនៅក្នុងអគារបូឌីង

ផ្ទាល់ ហើយសាធារណជនអាចចូលមើលឯកសារកម្រនានា ក៏ដូចជាឯកសារស្រាវជ្រាវអំពីបូឌីងផងដែរ។


បណ្ណសារអេឡិចត្រូនិក និង បន្ទប់បណ្ណសារនិងបណ្ណល័យបូឌីង ផ្តល់ជូននូវធនធាន ច្នៃប្រឌិតអំពីប្រវត្តិដ៏សំខាន់

និងពិសេសនៃអគារបូឌីង និងសហគមន៍រស់នៅទីនេះ ហើយស្នើនូវការឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃតួនាទីរបស់

សហគមន៍នេះនៅក្នុងការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។


 


[១] Helen Ross and Darryl Collins, Building Cambodia: 'New Khmer Architecture' 1953-1970 (Bangkok: The Key Publisher, 2006), 135.
[២] Ibid, 16.
[៣] Ibid, 18-19.
[៤] Ibid, 230.
[៥] Ly Daravuth and Ingrid Muan, Culture of Independence: An Introduction to Cambodian Arts and Culture in the 1950's and 1960's (Phnom Penh: Reyum, 2001), 11.
[៦] Ross and Collins, 16.