ផ្ទះចំនួន ១៥ នៅក្នុងអគារប៊ូលឌីងស (២០១៤) By អូរ៉ាវ៉ាន់ អារុណរ៉ាក់
កម្រងគំនូរចំនួន ១៥ សន្លឹក ប្រើប៊ិចគូរលើក្រដាស ទំហំ ១០x១៤.៤ សង់ទីម៉ែត្រ
តាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែស្រឡាញ់ចូលចិត្តមើលផ្ទះទាំងអស់នៅក្នុងភូមិរបស់ខ្ញុំ និងនៅកន្លែងណាដែលខ្ញុំធ្លាប់បានដើរកាត់។ ខ្ញុំតែងតែស្រមៃថា បើខ្ញុំបាននៅក្នុងផ្ទះទាំងនោះ មិនដឹងជាយ៉ាងណាទេ។ សុបិន្តរបស់ខ្ញុំបានក្លាយជាការពិត នៅពេលដែលខ្ញុំត្រូវបានអញ្ជើញ មកធ្វើនិវាសដ្ឋាននៅក្នុងអគារប៊ូលឌីងស។ ខ្ញុំបានរស់នៅក្នុងអគារដែលគួរឱ្យចាប់អារម្មណ៍មួយនេះ ហើយខ្ញុំចង់ឃើញពីការតុបតែងនៅក្នុងផ្ទះនីមួយៗ របៀបរបបរស់នៅរបស់ប្រជាជន និងចង់ប្រាស្រ័យសន្ទនាជាមួយគាត់។ នៅពេលដែលខ្ញុំបានចូលទៅផ្ទះគាត់ ខ្ញុំមិនត្រឹមតែគូរផ្ទះរបស់គាត់នោះទេ ខ្ញុំបាននិយាយលេងជាមួយគាត់ទៀតផង ហើយសកម្មភាពទាំងនេះហើយ ដែលបង្ហាញពីភាពជិតសិ្នទ្ធថែមទៀត។ បន្ទាប់មក ខ្ញុំបានយកគំនូរទាំង ១៥ សន្លឹក ដែលបានគូរនៅក្នុងផ្ទះរបស់អ្នកជិតខាងខ្ញុំ មកបង្ហាញនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្ញុំនៅក្នុងអគារប៊ូលឌីងសនេះ ហើយខ្ញុំបានអញ្ជើញអ្នកជិតខាងទាំងអស់ មកចូលទស្សនាក្នុងផ្ទះរបស់ខ្ញុំម្តង។ ជាការពិតណាស់ ពួកគេបានឃើញរូបគំនូររបស់ខ្ញុំ និងឃើញទិដ្ឋភាពក្នុងផ្ទះរបស់អ្នកជិតខាងរបស់ពួកគេថែមទៀត។ ពួកគេបានចាប់ផ្ដើមនិយាយទៅកាន់គ្នាទៅវិញទៅមក។ ដូច្នេះវាមានន័យថា ការងាររបស់ខ្ញុំគឺមិនត្រឹមតែគូរប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញផងដែរពីសន្ទនារវាងសិល្បករ ទីកន្លែង និងប្រជាជននៅក្នុងសហគមន៍មួយនេះ។